Header Ads

ការថែរក្សា និងព្យាបាលធ្មេញកុមារ


ជាទូទៅ កុមារចាប់ផ្តើមដុះធ្មេញពីអាយុ៦ខែ គឺធ្មេញខាងមុខក្រោមពីរ។ ពាក្យសាមញ្ញដែលបានប្រើសំរាប់ហៅធ្មេញនេះគឺ ធ្មេញទឹកដោះ រឺធ្មេញព្រៃ។ កុមារដុះធ្មេញអស់នៅអាយុ ២ឆ្នាំកន្លះ រឺ៣ឆ្នាំ សំរាប់ធ្មេញទឹកដោះដែលមានចំនួន២០ធ្មេញ គឺខាងលើ១០ធ្មេញ និងខាងក្រោម១០ធ្មេញ។ ធ្មេញទាំងអស់នេះនឹងចាប់ផ្តើមរង្គើផ្លាស់ប្តូរទៅជាធ្មេញស្រុក ចាប់ពីអាយុ៦ឆ្នាំ (ពេលវេលានៃការផ្លាស់ប្តូរធ្មេញទឹកដោះនីមួយៗគឺខុសៗគ្នាទៅតាមប្រភេទ និងទីតាំងធ្មេញ)។


១) ហេតុអ្វីបានជាការថែរក្សាធ្មេញកុមារមានសារៈសំខាន់?
- ធ្មេញបានផ្តល់នូវសោភ័ណភាព
- មិនឈឺធ្មេញ នាំអោយការទំពារអាហារល្អ
- ជួយអោយសុខភាពរាងកាយទាំងមូលល្អ
- បើបណ្តាលអោយពុកខូច នាំអោយកខ្ទុះ ហើមមុខមាត់ និងគ្រោះថ្នាក់
- ធ្មេញទឹកដោះជាលំនាំអោយធ្មេញស្រុកដុះត្រូវជួរ
- ថែរក្សាធ្មេញទឹកដោះ គឺកាត់បន្ថយនូវការដុះ រឺភាពមិនប្រក្រតីមួយចំនួន (ធ្មេញដុះខុសទីតាំងជាដើម)


២) នៅពេលធ្មេញកុមារឈឺ តើត្រូវតែដកធ្មេញនោះចេញរឺ?
- ពេលដែលកុមារឈឺធ្មេញ គ្រូពេទ្យធ្មេញអាចជ្រើសរើសយកវិធីព្យាបាលអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់ធ្មេញ និងអាយុកុមារ៖
• បើមិនទាន់ដល់អាយុដូរធ្មេញ ហើយឬសធ្មេញនៅល្អ គ្រូពេទ្យអាចប្រើនូវវិធីព្យាបាលធ្មេញដោយ Pulpotomy (ការព្យាបាលដោយយកបណ្តូលធ្មេញខាងលើចេញ) រឺ Pulpectomy (ការព្យាបាលដោយយកបណ្តូលធ្មេញចេញទាំងអស់
• បើធ្មេញនោះពុកខូចខ្លាំង រឺគៀកនឹងអាយុដូរធ្មេញ គ្រូពេទ្យអាចដកធ្មេញនោះចេញ


៣) តើធ្មេញកុមារអាចប៉ះ រឺព្យាបាលបានដូចធ្មេញមនុស្សធំដែរ រឺទេ?
ជាការពិតណាស់ ធ្មេញកុមារពេលដែលពុក រឺប្រហោង គឺត្រូវប៉ះ ឬព្យាបាលបាន។ ករណីដែលពុកខូចធំ គឺអាចស្រោបធ្មេញនោះបានទៀតផង។


៤) តើការដកធ្មេញកុមារមុនពេលកំណត់ដែលត្រូវដូរ បង្កបញ្ហារឺទេ?
- ការដកធ្មេញទឹកដោះមុនពេលកំណត់យូរ នាំអោយធ្មេញស្រុកដុះខុសទីតាំង
- ធ្មេញជិតខាងទ្រេតចូល នាំអោយធ្មេញថ្មីដុះខុសជួរ
ក្នុងករណីធ្មេញដកមុនពេលកំណត់ គ្រូពេទ្យធ្មេញអាចមានវិធីធ្វើឧបករណ៍ពាក់ក្នុងមាត់សំរាប់រក្សាចន្លោះទុកអោយធ្មេញស្រុកដុះ ដែលគេហៅថា Space Maintainer appliance


៥) តើត្រូវទុកធ្មេញកុមារអោយរង្គើជ្រុះតាមធម្មជាតិរឺ?
- ក្នុងករណីដល់ពេលត្រូវផ្លាស់ធ្មេញថ្មី ហើយធ្មេញទឹកដោះមិនរង្គើ គឺត្រូវដកធ្មេញទឹកដោះនោះចេញ ដើម្បីកុំអោយធ្មេញថ្មីដុះចូលក្នុង រឺចេញក្រៅ។
- ការតាមដានដោយការថតកាំរស្មី X-ray គឺសំខាន់ដើម្បីពិនិត្យលើពន្លកធ្មេញស្រុក។


៦) អនុសាសន៍មួយចំនួនសំរាប់ថែរក្សាធ្មេញទឹកដោះ
- យកកន្សែងស្អាត ដោយផ្សើមជាមួយទឹកស្អាត រួចជូតធ្មេញទឹកដោះក្រោយពេលបំបៅ រឺញ៉ាំអាហាររួច (ចំពោះកុមារមិនទាន់ចេះដុសធ្មេញ)
- កុំអោយកុមារបៀមក្បាលដបទឹកដោះគោក្នុងមាត់រយៈពេលវែង
- ចាប់ពីអាយុ៣ឆ្នាំ គួរតាមដានជាមួយទន្តបណ្ឌិត រាល់៦ខែម្តង រឺអាយុតិចជាងនេះ បើមានបញ្ហាក្នុងមាត់ សូមមកពិគ្រោះជាមួយទន្តបណ្ឌិតឯកទេសធ្មេញ។


ដូចនេះសូមយកកូនរបស់លោកអ្នកមកតាមដានជាញឹកញាប់ចាប់ពីអាយុ៥ឆ្នាំឡើង រហូតដល់ពេលដូរធ្មេញទឹកដោះអស់នៅអាយុ ១១ រឺ ១២ឆ្នាំ។


“សូមយល់ថា ធ្មេញកុមារត្រូវការថែរក្សាដូចធ្មេញស្រុកដែរ ហើយអាចព្យាបាល រឺប៉ះបាន”






ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត

No comments:

Powered by Blogger.