Header Ads

ការស្វែងយល់អំពីការឆ្លុះក្រពះនិងពោះវៀន


ក) អ្វីទៅជាការឆ្លុះក្រពះនិងពោះវៀន?




- ការឆ្លុះក្រពះ គឺជាការស៊កទុយយូរតូចមួយដែលនៅខាងចុងមានកាម៉េរាមានពន្លឺចាំងដាក់ចូលតាមមាត់ឆ្លងតាមបំពងអាហារចូលដល់ក្នុងក្រពះរហូតដល់ដើមនៃពោះវៀនតូច។
- ការឆ្លុះពោះវៀន គឺជាការស៊កទុយយូរដែលមានទំហំធំជាងទុយយូរឆ្លុះក្រពះបន្តិចដែលនៅខាងចុងមានកាម៉េរាមានពន្លឺចាំងដាក់ចូលតាមរន្ធគូទរហូតដល់គល់នៃពោះវៀនធំ និងឆ្លងចូលចុងនៃពោះវៀនតូច។

ខ) តើមានអាការៈបែបណាខ្លះដែលគួរមកឆ្លុះក្រពះ និងពោះវៀន?

១. អាការៈគួរឆ្លុះក្រពះ៖

- ពិបាកលេបអាហារ
- ហូបអាហារឆាប់ឆ្អែត ឆ្អល់ ភើរ និងណែនតឹងក្នុងពោះ
- ឈឺចុកឆ្អល់ចង់ក្អួតក្តៅក្រហាយចុងដង្ហើម
- ឈឺចុកចាប់ក្តៅក្រហាយក្នុងពោះ
- ឈឺចុកចាប់ក្នុងពោះ ចង់ក្អួតចង្អោរមុនបាយឬក្រោយបាយ
- មានក្អួតឈាមឬជុះឈាម ឬជុះខ្មៅ ស្លេកស្លាំង
- ជំងឺក្រិនថ្លើម ឬ មានទាចទឹក
- អ្នកជំងឺដែលមានបញ្ហាក្រពះ និងព្យាបាលមិនធូរស្បើយ។

២. អាការៈគួរឆ្លុះពោះវៀន៖

- អ្នកជំងឺរាករូសញឹកញាប់និងរ៉ាំរ៉ៃ
- ឧស្សាហ៍ទល់លាមកញឹកញាប់និងរ៉ាំរ៉ៃ
- ឈឺពោះ ហើមពោះ ទល់ខ្យល់ញឹកញាប់
- ឈឺក្នុងពោះរ៉ាំរ៉ៃ ឬស្រក់ទំងន់
- ជុះឈាមឬខ្មៅ
- អ្នកដែលមានប្រវត្តិក្រុមគ្រួសារមានជម្ងឺមហារីកពោះវៀន
- អ្នកដែលមានអាយុលើសពី 45 ឆ្នាំ

គ) តើត្រូវធ្វើដូចម្ដេចមុននឹងធ្វើការឆ្លុះក្រពះនិងពោះវៀន?


១. មុននឹងឆ្លុះក្រពះ ៖ អ្នកដែលមកឆ្លុះក្រពះគ្រប់រូបត្រូវឈប់ហូបអាហារមុនឆ្លុះរយះពេលយ៉ាងហោចណាស់ ៦ ម៉ោងដើម្បីអោយក្រពះទំនេរស្អាត ងាយអោយគ្រូពេទ្យពិនិត្យឃើញច្បាស់។ ប៉ុន្តែក្នុងករណីអ្នកខ្លះហូបអាហារហើយតែអាហារនោះតិចតួចឬជំងឺនោះធ្ងន់ធ្ងរចាំបាច់ត្រូវធ្វើការឆ្លុះបន្ទាន់ដូចជា ក្អួតឈាម ជុះឈាមឬស្លាក់ចំណីនិងរបស់ផ្សេងៗក្នុងបំពង់ក គ្រូពេទ្យចាំបាច់ត្រូវដាក់ថ្នាំដើម្បីជំរុញអោយអាហារឬឈាមនៅក្នុងក្រពះនោះអោយឆាប់ធ្លាក់ទៅក្នុងពោះវៀន។
២. មុននឹងឆ្លុះពោះវៀន ៖ អ្នកឆ្លុះពោះវៀនត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ដើម្បីពិនិត្យឈាមនិងពន្យល់អំពីរបៀបផឹកទឹកថ្នាំលាងពោះវៀន ព្រោះជាទូទៅអ្នកឆ្លុះពោះវៀនត្រូវផឹកទឹកថ្នាំចំនួន៤លីត្រ ដើម្បីលាងពោះវៀនអោយបានស្អាត ក្នុងករណីលាងមិនស្អាត គេអាចបន្ថែមទឹកថ្នាំ១លីត្រឬ២លីត្រទៀត។

ង) អត្ថប្រយោជន៍នៃការឆ្លុះក្រពះនិងពោះវៀន៖

អាចជួយធ្វើរោគវិនិច្ឆ័យ ព្រមទាំងឈានទៅរកការព្យាបាលនិងសង្គ្រោះអ្នកជំងឺដែលមានបញ្ហាតាមប្រពន្ធ័រំលាយអាហារដូចជា៖
- អាចពិនិត្យឃើញមានការរលាក ដំបៅ ដុះសាច់ ក្នុងបំពង់អាហារ ក្រពះពោះវៀន
- អាចមានវិធីសង្គ្រោះទប់ស្កាត់ក្នុងករណីអ្នកជំងឺមានការក្អួតឈាមឬជុះឈាម ដោយអាចជៀសវាងការវះកាត់
- អាចជួយសង្គ្រោះចាប់យករបស់ផ្សេងៗឬចំណីដែលស្ទះជាប់ក្នុងបំពង់អាហារ
- អាចឆ្លុះច្រឹបសាច់ក្រពះនិងពោះវៀនទៅពិនិត្យរកមេរោគដើម្បីងាយស្រួលព្យបាល
- អាចជួយកាត់ដុំសាច់តូចៗក្នុងក្រពះឬក្នុងពោះវៀនដោយមិនចាំបាច់ធ្វើការវះកាត់
- អាចជួយពង្រីកបំពង់អាហារឬរន្ធគូទ ក្នុងករណីរួមត្បៀត
- អាចធ្វើការចោះក្រពះដើម្បីបាញ់ចំណីអាហារ ក្នុងករណីអ្នកជំងឺលេបអាហារមិនចូល ឬដំបៅស្ទះត្បៀតបំពង់អាហារ
- អាចជួយអោយគ្រូពេទ្យបានដឹងពីមូលហេតុដើម្បីងាយស្រួលក្នុងការព្យាបាលឆាប់ជានិងជួយសន្សំសំចៃថវិការអ្នកជំងឺ។




















បើបងប្អូនមានបញ្ហាសុខភាពដូចអាការៈខាងលើ សូមអញ្ជើញមកពិគ្រោះនិងពិនិត្យព្យាបាលនៅមន្ទីពេទ្យ ដែលមានសំភារៈទំនើបៗ និងគ្រូពេទ្យជំនាញឯកទេស មានបធពិសោធន៏ក្នុងការព្យាបាល ការជួយសង្រ្គោះប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ប្រភព ៖ មន្ទីរពេទ្យកាល់ម៉ែត

No comments:

Powered by Blogger.